ឃាត់ខ្លួនជនជាតិចិនម្នាក់ពាក់ព័ន្ធករណីថតរូបក្រដាស់ប្រាក់ ១០០ដុល្លារ ថាជាថ្លៃសម្រាប់ស្នើសុំទិដ្ឋាការចូលប្រទេសកម្ពុជាសម្រាប់ជនជាតិចិន!
ភ្នំពេញ៖ នគរបាលអន្តោប្រវេសន៍ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីថតរូបក្រដាស់ប្រាក់ ១០០ដុល្លារ ថា ជាថ្លៃសម្រាប់ស្នើសុំទិដ្ឋាការចូលប្រទេសកម្ពុជាសម្រាប់ជនជាតិចិន បន្ទាប់ពីជនជាតិចិនរូបនេះ បានធ្វើដំណើរចូលប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយការថតក្រដាស់ប្រាក់ ១០០ដុល្លារ នេះ ជាការប្រាប់ទៅជនជាតិរបស់គាត់ និងបានថតរូបក្រដាស់ប្រាក់ ២០ដុល្លារ នៅបញ្ជរត្រួតពិនិត្យលើលិខិតឆ្លងដែន ដើម្បីស្នើសុំបិទស្ទីកគ័រ ដោយបញ្ជាក់ថា ជាថ្លៃសេវាបន្ថែមទៀត។
ក្នុងន័យនេះនគរបាលបានអះអាងថា បានធ្វើឱ្យប៉ះពាល់ដល់ច្បាប់អន្តោប្រវេសន៍កម្ពុជា និងបានប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការនៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមិនបានយកតម្លៃលើសពីការកំណត់របស់រាជរដ្ឋាភិបាលនោះឡើយ។ សូមបញ្ជាក់ថា តម្លៃសម្រាប់ស្នើសុំទិដ្ឋាការចំពោះភ្ញៀវទេសចរណ៍ ៣០ដុល្លារ ក្នុងម្នាក់។ ក្នុងករណីជនជាតិចិនរូបនេះ មន្ត្រីនគរបាលអន្តោប្រវេសន៍ បានធ្វើការឃាត់ខ្លួនមកសួរនាំ និងបានសារភាពនូវរាល់កំហុសទាំងអស់ ដែលបានបង្កឱ្យមានភាពមិនត្រឹមត្រូវទៅលើតម្លៃទិដ្ឋាការចូលប្រទេសកម្ពុជា ដោយមានទាំងរូបភាពវីដេអូ និងធ្វើកិច្ចសន្យា ផងដែរ។
ដោយអនុវត្តតាមច្បាប់បទដ្ឋានស្ដីពី អន្តោប្រវេសន៍ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានស្នើធ្វើការបណ្ដេញជនជាតិចិនខាងលើពីប្រទេសកម្ពុជា និងមិនអនុញ្ញាតឱ្យធ្វើដំណើរចូលប្រទេសកម្ពុជា ទៅតាមកាលកំណត់របស់ច្បាប់បទដ្ឋាន៕
Post a Comment