អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! កន្ទេលធំបន្លំដេក! តើក្នុងចំណោម លោក សុគន្ធ រ័ត្ន ,លោក កែវ សារី,លោក រឿន សារិត មួយណាជាអ្នកអនុញ្ញាតអោយទំនិញគ្រប់ប្រភេទចូលកម្ពុជា ឆ្លងកាត់តាមច្រករបៀង(ស្ពានស្រុត)ដោយខុសច្បាប់ (មានវីដេអូ) - Read News TV

កន្ទេលធំបន្លំដេក! តើក្នុងចំណោម លោក សុគន្ធ រ័ត្ន ,លោក កែវ សារី,លោក រឿន សារិត មួយណាជាអ្នកអនុញ្ញាតអោយទំនិញគ្រប់ប្រភេទចូលកម្ពុជា ឆ្លងកាត់តាមច្រករបៀង(ស្ពានស្រុត)ដោយខុសច្បាប់ (មានវីដេអូ)

បន្ទាយមានជ័យ៖ ច្រករបៀងមួយកន្លែងគ្រប់គ្រងដោយ យោធា ៥០៣ ហាក់មិនគោរពនឹងបទបញ្ជាថ្នាក់ដឹកនាំ បាន ឃុបឃិតគ្នា ជាមួយក្រុមឈ្មួញនាំទំនិញគ្រប់ប្រភេទ ចូលកម្ពុជា មិនខ្វល់ពីខាតបង់ចំណូលពន្ធរដ្ឋ ។

បច្ចុប្បន្ននេះក្រុមឈ្មួញ នៅតែ បន្តដឹកជញ្ជូន ទំនិញ គ្រប់ប្រភេទ មានដូចជា គ្រឿងទេស និង គ្រឿងភេសជ្ជៈឬទំនិញ ចាប់ហួយ ជាដើម ដោយដឹក ជញ្ជូន ដូចសត្វកណ្តៀរ យ៉ាងគគ្រឹកគគ្រេង ចេញពីប្រទេសថៃចូលកម្ពុជា នៅមិនទាន់ឃើញ កម្លាំងសមត្ថកិច្ច ឬ ស្ថាប័នពាក់ព័ន្ធ ធ្វើការទប់ស្កាត់នោះឡើយ។
ទីតាំងច្រករបៀងមួយនេះស្ថិតនៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ(ជាប់ព្រំប្រទល់ភូមិអូរនាង ក្រុងប៉ោយប៉ែត) ។ នៅក្រោមការគ្រប់គ្រងដោយលោក សុគន្ធ រ័ត្នជាមេប៉ុស្តិ៍ និង លោក កែវ សារី ជា មេកងល្បាតទី៣ នៃកងការពារព្រំដែនលេខ ៥០៣ ដែលមានលោករឿន សារិត ជាមេបញ្ជារការ ។ បើតាមពលរដ្ឋដែលរស់នៅក្នុងភូមិសិលាខ្មែរបានលួចបង្ហើបឲ្យអ្នកសារព័ត៌មានយើងដឹងថា នៅច្រករបៀងក្រោមការគ្រប់គ្រង ដោយ លោក សុគន្ធរ័ត្នគឺ មានការឃុបឃិតជាមួយក្រុមឈ្មួញ នាំទំនិញគេចពន្ធ ពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជាយ៉ាងភ្លូកទឹកភ្លូកដី ជារៀងរាល់ថ្ងៃ មិនថា ពេលយប់ ឬ ពេលថ្ងៃនោះឡើយ ។ ប្រភពដដែលបន្តថាក្រុមឈ្មួញទាំងនោះ បានធ្វើការដឹកជញ្ជូន តាមរយៈ ម៉ូតូកង់បី រ៉ឺម៉ក និង រថយន្ត ជាច្រើនប្រភេទដោយយកទៅស្តុបទុក និង ចែកចាយ ក្នុងភូមិសាស្ត្រ ក្នុងប៉ោយប៉ែត ។

បើយោងតាមសម្តី ពីសមត្ថកិច្ចក្នុងមូលដ្ឋានម្នាក់ដែល មិនពេញចិត្ត នូវការលួចនាំទំនិញគេចពន្ធពីប្រទេសថៃចូលកម្ពុជា ទាំងនេះបានបង្ហើបឲ្យសារព័ត៌មានយើងដឹងផងដែរថា បច្ចុប្បន្នក្រុមឈ្មួញ ពេលចូលទៅយកទំនិញម្តងៗគឺ ជិះតាមផ្លូវក្រវ៉ាត់ព្រំដែន តែពេលចេញពីប្រទេសថៃ មកវិញ ឆ្លងកាត់ច្រករបៀង(ស្ពានស្រុត)មួយនេះគឺក្រុមឈ្មួញខ្លះ ដឹកជញ្ជូន ដោយឆ្លងកាត់តាមផ្លូវជាតិលេខ៥៨ និង ភូមិព្រៃគប់ ព្រមទាំងក្រុមឈ្មួញខ្លះ ដឹកជញ្ជូន ទៅតាមផ្លូវ៥០ រួចចេញទៅតាមភូមិទួលពង្រ ដើម្បី ងាយស្រួល បន្លំនិង គេចពី មន្ត្រីជំនាញ ។ តាមការជាក់ស្តែង កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានយើង បានទៅដល់គោលដៅច្រករបៀង ដែលក្រោមការគ្រប់គ្រងដោយ លោក សុគន្ធរ័ត្ន និង លោក កែវ សារី មេកងល្បាតទី៣ ពិតជា បានឃើញ ក្រុមឈ្មួញ កំពុង ដឹកជញ្ជូន ទំនិញគេចពន្ធ ពីប្រទេសថៃ ឆ្លងកាត់ច្រករបៀងមួយនេះចូល មកក្នុងប្រទេសកម្ពុជា ពិតប្រាកដមែន ដោយមាន មន្ត្រីជំនាញ ពាក់ពន្ធ័ ធ្វើការទប់ស្កាត់ ឬ ត្រួតពិនិត្យ គុណភាព ទំនិញទាំងនោះឡើយ ។
បន្ទាប់មកនៅរសៀលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកសារព័ត៌មានយើងបានទៅដល់ចំនុចច្រករបៀងមួយនេះម្តងទៀតសង្កេតឃើញថា ក្រុមឈ្មួញ បានដឹកជញ្ជូន ដូចសត្វកណ្តៀរ ដដែល ដោយប្រើរូបភាពដឹកជញ្ជូន តាមរយៈកង់បីនិង រថយន្ត រហូតដល់វេលាម៉ោង ៧:០៤នាទី យប់ថ្ងៃដដែល សារព័ត៌មានយើង បានឃើញរថយន្តមួយគ្រឿង ពុំមានផ្ទុកទំនិញនោះទេ ដូច្នេះ សារព័ត៌មានយើង ក៏មិនបានត្រៀមខ្លួន ថតរូបនោះដែរ ក៏ប៉ុន្តបែរជារថយន្តមួយគ្រឿងនេះ មិនចាំម៉ាក តែរូបរាងដូចជារថយន្ត TOYOTA FORTUNER ពណ៌ ស ពាក់ស្លាកលេខ ខេមរភូមិន្ទ (មិនចាំលេខ) ខណៈកំពុង បើកបរចេញមកពីច្រករបៀងមួយនេះ លុះមកដល់ចុងផ្លូវបេតុងជាប់ផ្លូវជាតិលេខ៥៨ ស្រាប់តែរថយន្ត មួយនេះ បានបន្ថែមសន្ទុះល្បឿន រួចងាកមកឆ្វេងសំដៅបំបុកក្រុមសារព័ត៌មានយើងខ្ញុំ តែសំណាងល្អ ក្រុមអ្នកសារព័ត៌មាន បានគេចផុត បន្ទាប់មករថយន្ត មួយនេះ បានបត់ឆ្វេង ឡើងលើផ្លូវជាតិលេខ៥៨ទៅទិសដៅ ផ្សារសិលាខ្មែរ បាត់ស្រមោលភ្លាមៗ ។
ក្នុងហេតុការណ៍រថយន្តជិះសំបុកក្រុមអ្នកសារព័ត៌មាន នេះ មិនបង្ករឲ្យមានអ្នកគ្រោះថ្នាក់នោះទេ។ តែទោះបីជាយ៉ាងណាក៏ដោយសូម ស្ថាប័នពាក់ព័ន្ធ ជាពិសេស ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ដាក់កម្លាំងស្រាវជ្រាវ រកបុគ្គល ដែលបើករថយន្តមួយនេះ និង ចាត់វិធានការផ្លូវតាមផ្លូវច្បាប់ផងចុះ ដើម្បីបុគ្គល មួយនេះ យកតួនាទី ភារកិច្ច របស់ខ្លួន ឬ ជិះរថយន្ត ស្លាកលេខខេមរភូមិន្ទទៅអួតក្អេងក្អាង ឬបំពានទៅសិទ្ធិសេរីភាពរបស់ក្រុមអ្នកសារព័ត៌មាន ជាបន្តទៅទៀត ។

សូមរំលឹកថានាពេលកន្លងទៅ រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានដាក់បទបញ្ជារឲ្យកងកម្លាំងទាំងអស់ នៅជួរមុខ នៃបន្ទាត់ព្រំដែន ត្រូវចូលរួម ដោយយកចិត្តទុកដាក់ ក្នុងការបង្ការ បង្រ្កាប ទប់ស្កាត់ រាល់បទល្មើស គ្រប់ប្រភេទ ដូចជា ការជួញដូរអាវុធ ការជួញដូរអាភៀន ការជួញដូរ មនុស្ស និង ការជួញដូរ ទំនិញគេចពន្ធគ្រប់ប្រភេទ ដោយការបិទច្រករបៀងអោយអស់ មិនឲ្យមាននោះឡើយ។តែបែរជា គេនៅតែសង្កេតឃើញថា ច្រករបៀង ចំនុចស្ពានស្រុត ក្នុងភូមិសាស្ត្រ ភូមិសិលាខ្មែរ ក្នុងឃុំអូរបីជាន់ ដែលគ្រប់គ្រងដោយលោក សុគន្ធរ័ត្ន ជានាយប៉ុស្តិ៍ និង ឋិតក្រោមការគ្រប់គ្រងដោយលោក កែវ សារី មេកងល្បាតទី៣ នៃកងការពារព្រំដែនលេខ ៥០៣ បែរជា មហា ផ្គើន ជាមួយ បទបញ្ជារបស់ថ្នាក់ដឹកនាំទៅវិញ ។
អាស្រ័យហេតុនេះសូមកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងជំនាញ ក.ប.ប អង្គភាពពាក់ព័ន្ធ មេត្តា ដាក់កម្លាំងស៊ើបអង្កេត និង ទប់ស្កាត់ ភាពមិនប្រក្រតីរបស់លោក សុគន្ធរ័ត្ន និងលោក កែវ សារី ជាបន្ទាន់ផងចុះ ដើម្បី កាត់បន្ថយការខាតបង់ចំណូលពន្ធរដ្ឋ ជាពិសេសដើម្បីចូលរួមចំណែក ទប់ស្កាត់ រាល់ទំនិញ ដែលគ្មានគុណភាព នាំអោយមានផលប៉ះពាល់ដល់សុខភាពឬ អាយុជីវិត ប្រជាពលរដ្ឋ ខ្មែរ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕














Theme images by Radius Images. Powered by Blogger.