អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ចៅក្រម និងព្រះរាជអាជ្ញា២៣រូប រងវិន័យ និង១រូបត្រូវបណ្តេញចេញពីក្របខណ្ឌ - Read News TV

ចៅក្រម និងព្រះរាជអាជ្ញា២៣រូប រងវិន័យ និង១រូបត្រូវបណ្តេញចេញពីក្របខណ្ឌ

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ធ្វើសេចក្តីប្រកាស ជម្រាប ជូនដល់អង្គចៅក្រម និងសាធារណជនជ្រាប នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១០និង០០នាទីព្រឹក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានបើកសម័យប្រជុំលើកទី៣៨ នៅក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតី ភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់ លើរបៀបវារៈចំនួន១៣ ដោយទទួលបាននូវលទ្ធផល។

ក្នុងរបៀបវារៈទី១ អង្គប្រជុំបានសម្រេចយល់ព្រមលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ពាក់ព័ន្ធនឹងករណីចៅក្រមចំនួន ១៤ករណី និងករណីព្រះរាជអាជ្ញាចំនួន៩ករណី ដោយការដាក់វិន័យមានក្រោមរូបភាពផ្សេងៗ។

តាមសេចក្តីប្រកាសព័ត៌មាន ក្នុងចំណោមករណីទាំង២៣ មានការដាក់វិន័យក្រោមរូបភាពស្តីបន្ទោសដោយផ្ទាល់មាត់៤ករណី, ស្តីបន្ទោសដោយចុះក្នុងសំណុំលិខិតផ្ទាល់ខ្លួន១១ករណី, ផ្អាកមិនឱ្យចុះឈ្មោះក្នុងតារាងដំឡើងថ្នាក់ ឬ ឋានន្តរស័ក្តិមួយរយៈតែមិនត្រូវឱ្យលើសពី២ឆ្នាំទេ ឬលុបឈ្មោះចេញពីតារាងដំឡើងថ្នាក់ ឬឋានន្តរស័ក្តិវិញ ក្នុងករណីដែលបានចុះឈ្មោះរួចហើយ៣ករណី, ផ្លាស់ដោយបង្ខំ១ករណី, ផ្លាស់ដោយបង្ខំ តម្រូវឱ្យទទួលការបណ្តុះបណ្តាលបន្ថែម ២ករណី, ផ្លាស់ដោយបង្ខំនិងទម្លាក់ឋានៈ ១ករណី និងព្យួរពីការងារមិនឱ្យ មានបៀវត្សក្នុងរយៈពេល ៦ខែ ១ករណី។

ជាមួយគ្នានេះ ក្នុងចន្លោះសម័យប្រជុំលើកទី៣៧ និងលើកទី៣៨ ឧត្តមក្រុមប្រឹក្សានៃអង្គ ចៅក្រម ក៏បាន សម្រេចដាក់វិន័យក្រោមរូបភាពបណ្តេញព្រះរាជអាជ្ញារង១រូបចេញពីក្របខណ្ឌព្រះរាជអាជ្ញាផងដែរ។

របាយការណ៍ដែលចុះហត្ថលេខាដោយលោក សំ ប្រជាមានិត អគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៏បានបង្ហាញផងដែរទាក់ទងនឹងការផ្ទេរ និងតែងតាំង ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង, ការកែសម្រួល និងតែងតាំងសមាសភាពនៃក្រុមអធិការកិច្ច, ការពិនិត្យ និងផ្តល់យោបល់អំពីការស្នើដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមវេនអតីតភាព តាមកម្រិតសញ្ញាបត្រ ចំពោះចៅក្រម និងព្រះរាជអាជ្ញា រួមទាំងសំណើរតាំងស៊ុបចំពោះមន្ត្រីកម្មសិក្សា។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិនិត្យសម្រេចអំពីសំណើសុំចូលបម្រើការងារវិញ, សំណើសុំដាក់ឱ្យនៅទំនេរគ្មានបៀវត្ស, សំណើសុំអនុញ្ញាតច្បាប់ទៅបន្តការសិក្សារបស់ចៅក្រម ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងមួយចំនួនផងដែរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ព្រះករុណាព្រះមហាក្សត្រ ព្រះប្រធានឧត្តមក្រុមប្រឹក្សាអង្គចៅក្រម បានថ្លែងអំណរគុណចំពោះការខិតខំយកចិត្តទុកដាក់បំពេញការងាររបស់សមាជិកទាំងអស់។ នេះបើតាមរបាយការណ៍របស់អគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម៕





Theme images by Radius Images. Powered by Blogger.