DeepSeek បានទាក់ទាញការចាប់អារម្មណ៍ច្រើនពីបុគ្គលនៅពីក្រោយ DeepSeek តើស្ថានិក AI DeepSeek ជានរណា?
ក្រុមហ៊ុនចិន DeepSeek នៅថ្ងៃទី២០ ខែមករា បានប្រកាសនូវម៉ូដែល V3 និង R1 ដោយឥតគិតថ្លៃដែលត្រូវដាក់លើបន្ទះឈីបតម្លៃសមរម្យរបស់ក្រុមហ៊ុន Nvidia ដែលជាប្រភពបើកចំហ (Open Source) ១០០ភាគរយ និងមានតម្លៃថោកជាង OpenAI o1 ដល់ទៅ៩៦,៤ភាគរយ ស្របពេលវាផ្តល់នូវដំណើរការស្រដៀងគ្នា។
DeepSeek បានទាក់ទាញការចាប់អារម្មណ៍ច្រើនពីបុគ្គលនៅពីក្រោយ DeepSeek។ ដូច្នេះថាតើស្ថានិក AI DeepSeek ជានរណា?
ប្រព័ន្ធផ្សព្វផ្សាយចិនបានសរសេរថា ការចាប់ផ្តើមបង្កើតប្រព័ន្ធ AI នេះមានទីស្នាក់ការនៅក្នុងទីក្រុង Hangzhou។ ម្ចាស់ភាគហ៊ុនគ្រប់គ្រងរបស់ក្រុមហ៊ុនគឺ លោក Liang Wenfeng អាយុ ៤០ឆ្នាំ ដែលបានបញ្ចប់ការសិក្សាផ្នែក AI ពីសាកលវិទ្យាល័យ Zhejiang។
លោក Liang បានបង្កើតមូលនិធិការពារហានិភ័យបរិមាណ High-Flyer ក្នុងឆ្នាំ២០១៥ ដែលល្បីល្បាញដោយសារភាពច្នៃប្រឌិតក្នុងការអនុវត្តយុទ្ធសាស្រ្តជួញដូរដែលមានមូលដ្ឋានលើ AI។
នៅឆ្នាំ២០២៣ ក្រុមហ៊ុន High-Flyer Quant បានប្រកាសថា ខ្លួននឹងផ្តោតលើការកសាងមជ្ឈមណ្ឌលឯកទេសមួយដើម្បីស្រាវជ្រាវ AGI super intelligence ។ មូលនិធិនេះក៏មានកម្មសិទ្ធិប៉ាតង់ជាច្រើនទាក់ទងនឹងការផ្គុំបន្ទះឈីបដែលប្រើដើម្បីបណ្តុះម៉ូដែល AI។
លោក Liang បានចាប់ផ្តើមទិញបន្ទះឈីបក្រាហ្វិក Nvidia រាប់ពាន់ នៅក្នុងឆ្នាំ២០២១ ដើម្បីបម្រើដល់គម្រោង AI មុនពេលរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានដាក់កម្រិតលើការនាំចេញទៅកាន់ចិន។ មជ្ឈមណ្ឌល AI របស់ High-Flyer ក្នុងឆ្នាំ២០២២ បានអះអាងថា បានកាន់កាប់ និងដំណើរការបន្ទះឈីប Nvidia A100 ប្រមាណ ១០ ០០០បន្ទះ ។
នៅក្នុងបទសម្ភាសមួយក្នុងខែកក្កដា ឆ្នាំ២០២៤ លោក Liang បានបង្ហាញពីមហិច្ឆតារបស់លោកសម្រាប់ DeepSeek និងយុទ្ធសាស្រ្ត AI ទាំងមូលរបស់ចិន។ លោកលើកឡើងថា ៖«អាជីវកម្មចិនជាច្រើនឆ្នាំត្រូវបានទម្លាប់ប្រើប្រាស់ការច្នៃប្រឌិតបច្ចេកវិទ្យាដែលបានអភិវឌ្ឍនៅបរទេស និងរកប្រាក់ដោយប្រើកម្មវិធីដោយផ្អែកលើពួកវា។ នេះមិនមាននិរន្តរភាពទេ។ គោលដៅរបស់យើងគឺមិនមែនដើម្បីរកប្រាក់ចំណេញបានឆាប់រហ័សនោះទេ ប៉ុន្តែពង្រីកព្រំដែននៃបច្ចេកវិទ្យាដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី»។
លោក Liang ជាបុគ្គលម្នាក់ មិនសូវចេញមុខជាសាធារណៈច្រើនឡើយ។
ដៃគូអាជីវកម្មម្នាក់របស់លោក Liang បានប្រាប់កាសែត Financial Times ថា៖« ពេលយើងជួបគ្នាដំបូង គាត់ដូចជាបុរសសង្ហាម្នាក់នេះ ជាមួយនឹងម៉ូដសក់ដ៏គួរឱ្យខ្លាច ហើយពួកយើងបាននិយាយគ្នាអំពីការកសាងចង្កោមចំនួន ១០ ០០០បន្ទះឈីប ដើម្បីបង្វឹកម៉ូដែល AI យើងមិនបានយកចិត្តទុកដាក់ច្រើនទេ។ លោកមិនអាចបង្ហាញពីចក្ខុវិស័យខ្លួនលើសពីការនិយាយថា ខ្ញុំចង់បង្កើតវា ហើយវានឹងក្លាយជាការផ្លាស់ប្តូរដ៏ធំមួយ យើងបានគិតថាអ្វីដែលជាការស្រមៃនោះ អាចមាននៅក្នុងក្រុមហ៊ុនយក្សដូចជា ByteDance និង Alibaba»។
អ្នកដឹកនាំរបស់ចិន ក៏កំពុងយកចិត្តទុកដាក់ចំពោះ DeepSeek ដែរ។ មុនពេលម៉ូដែល R1 ត្រូវបានដាក់ឱ្យដំណើរការ លោក Liang ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសន្និសីទបិទទ្វារនៃអាជីវកម្មនៅក្នុងឧស្សាហកម្ម ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីចិន លី ឈាំង នៅថ្ងៃទី២០ ខែមករា។
អ្នកជំនាញនិយាយថា DeepSeek បច្ចុប្បន្នមិនមានហានិភ័យដែលត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលអាម៉េរិកនោះទេ។ «ពួកគេក៏មិនបានដាក់ចេញនូវកំណែពាណិជ្ជកម្ម ឬផែនការបង់ប្រាក់ទេ ដូច្នេះមិនមានផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដោយផ្ទាល់ទេ ប្រសិនបើអាម៉េរិកដាក់កម្រិតពួកគេ។
ពួកគេមិនបានទទួលការវិនិយោគពីខាងក្រៅឡើយ ថវិកាទាំងអស់ត្រូវបានយកចេញពីមូលនិធិការពារហានិភ័យរបស់ស្ថាបនិក ។ ដូច្នេះមិនមានសម្ពាធសម្រាប់ម្ចាស់ភាគហ៊ុនក្នុងការដកចេញឡើយ»។ លោក Phelix Lee អ្នកវិភាគក្រុមហ៊ុនហិរញ្ញវត្ថុ Morningstar បានលើកឡើងបែបនេះ។
DeepSeek ប្រើកូដប្រភពបើកចំហ(Open Source)។ សេណារីយ៉ូដែលអាចធ្វើទៅបានបំផុតគឺថាក្រុមហ៊ុនអាម៉េរិកអាចប្រើកូដសាធារណៈនៃអាជីវកម្មចិន ដើម្បីបំពេញគំរូដែលពួកគេបានបង្កើតដោយខ្លួនឯង។ លោក Lee បានបន្ថែមថា ៖«នេះអាចជួយកាត់បន្ថយការចំណាយលើកុំព្យូទ័រ AI សាកល»៕
Post a Comment