បន្ទាប់ពីមានការផ្សព្វផ្សាយថា លោក ប៊ុន ភក្តី ជាប្រធានវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជាជនជាតិវៀតណាមដែលទើបបានសញ្ជាតិខ្មែរនៅឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានចេញមកច្រានចោលការផ្សព្វផ្សាយនេះភ្លាមៗ
បន្ទាប់ពីមានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមថា លោក ប៊ុន ភក្តី ដែលមានមុខតំណែងជាប្រធានវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជាជនជាតិវៀតណាមដែលទើបទទួលបានសញ្ជាតិខ្មែរនៅក្នុងឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានចេញមកច្រានចោលការផ្សព្វផ្សាយនេះភ្លាមៗ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ បានអះអាងថា ឈ្មោះ ប៊ុន ភក្តី ដែលគ្រងឯកសណ្ឋានពាក់ផ្កាយនេះ គឺជាជនជាតិខ្មែរ មានសញ្ជាតិខ្មែរពីដើមកំណើត ហើយលោកមានឪពុកម្ដាយ សាច់ញាតិបងប្អូនជាខ្មែរពីកំណើតដូចគ្នា ដូច្នេះលោកមិនមែនជាជនជាតិវៀតណាមទេ។ លោក ទូច សុខៈ បន្ថែមថា ការបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសង្គមនោះ គឺជាការលាបពណ៌ធ្វើឱ្យមហាជនមានការភាន់ច្រឡំ។
បើតាមលោក ទូច សុខៈ ប្រធានបទនៃការផ្ដល់សញ្ជាតិនេះ អ្នកនយោបាយឬអ្នករកចំណូលតាមបណ្ដាញសង្គមអនឡាញ កំពុងយកមកប្រើប្រាស់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននិងផលប្រយោជន៍នយោបាយ ដែលមិនបានគិតពីហានិភ័យដល់ផលប្រយោជន៍ ឬស្ថិរភាពរបស់ជាតិនោះទេ។ ដូច្នេះលោកអំពាវនាវដល់សាធារណជនកុំឆាប់ជឿទៅលើការបង្កើតមាតិកា បង្កើតប្រធានបទនានាផ្សព្វផ្សាយតាមបណ្ដាញសង្គម សូមស្វែងរកព័ត៌មានពិតប្រាកដជាមុនសិន៕
Post a Comment