សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ហាញមុខជនសង្ស័យ និងបក្ខពួក ពាក់ព័ន្ធនឹងគ្រឿងញៀនជាង២១៣គ.ក្រ រួមនឹងវត្ថុតាង មុនបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់
បាត់ដំបង៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបង្ហាញមុខជនសង្ស័យ និងបក្ខពួកមួយចំនួន ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ជាង២០០គ.ក្រ រួមនឹងវត្ថុតាងជាច្រើនទៀត មុនបញ្ជូនទៅកាន់តុលាការខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ និងបានធ្វើតេស្តវេចខ្ចប់ និងថ្លឹងគ្រឿងញៀន បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្រ្កាបកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅចំណុចបុរីឯកភ្នំវីឡា ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ក្រោមវត្តមានចូលរួមពី លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង លោកព្រះរាជអាជ្ញារង និងមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង ជាច្រើនទៀត ។ តាមរយៈនៃការធ្វើតេស្តនេះ ជាលទ្ធផលបញ្ជាក់ថា គឺជាគ្រឿងញៀនទាំងអស់ ។
ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សូ ឌី បានបញ្ជាក់ថា ករណីគ្រឿងញៀនទម្ងន់២១៣គ.ក្រ នេះ ត្រូវបានកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការបង្រ្កាបបាន កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កម្លាំងការិយាល័យជំនាញឃាត់ខ្លួនជនសង្ស័យ០៣ នាក់ៈ១-ឈ្មោះ ញឹប សាណី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ២-ឈ្មោះ វិន ផាន់និ ហៅ ឃីម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង និង៣-ឈ្មោះ សុខ វ៉ាន់ដា ហៅ ទ្រូ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយបានដកហូតវត្ថុតាង មានគ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន០២កញ្ចប់ ទម្ងន់១០,៦៨ក្រាម ។
លោកវរសេនីយ៍ទោ សូ ឌី បានបន្តទៀតថា ក្រោយពេលសួរចម្លើយរួច នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមការបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបាតង់ដំបង កម្លាំងកងអន្តរាគមន៍ កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង និងកម្លាំងកងរាជអាវុធហត្ថស្រុកពាក់ព័ន្ធ ដឹកនាំដោយលោក វរសេនីយ៍ឯក ជា តារា មេបញ្ជាការរងខេត្ត បានចុះប្រត្តិបត្តិការដល់លំនៅឋានមេក្លោងជួញដូរគ្រឿងញៀន ស្ថិតនៅបុរីឯកភ្នំវីឡា ភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បានធ្វើការចាប់ខ្លួនមេក្លោង និងបក្ខពួកបានចំនួន០៨នាក់ទៀត ១-ឈ្មោះ វី វិនហាយ ភេទប្រុស អាយុ៣០ឆ្នាំ (មេក្លោង) ស្នាក់នៅចំណុចកន្លែងកើតហេតុខាងលើ ។ ២-ឈ្មោះ មួង ឌី ភេទប្រុស អាយុ ៤០ឆ្នាំ (មេក្លោង) ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ ។ ៣-ឈ្មោះ សន បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ ។ ៤-ឈ្មោះ រុំ សុវណ្ណ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ ។ ៥-ឈ្មោះ ថេត ស្រីនា ភេទស្រី អាយុ២៨ឆ្នាំ (ជាប្រពន្ធរបស់ឈ្មោះ វី វិនហាយ) ៦-ឈ្មោះ សុច ចរិយា ភេទស្រី អាយុ១៧ឆ្នាំ (ជាប្រពន្ធរបស់ឈ្មោះ មួង ឌី) ៧-ឈ្មោះ រដ្ឋ ចន្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវក្រុងបាត់ដំបង ។ ៨-ឈ្មោះ ឡឹប លីដា ហៅ អឹក ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ពន្លាតដែនដីចាប់ខ្លួនបាន នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ) ដោយបានឆែកឆេរក្នុងរថយន្ត និងលំនៅដ្ឋានរបស់ឈ្មោះ វី វិនហាយ រកឃើញគ្រឿងញៀនចំនួន២១៣ ដុំ ទម្ងន់ប្រមាណ២១៣គីឡូក្រាម រួមមាន ៖
-គ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន៦៩ដុំ ទម្ងន់ប្រមាណ ៦៩គីឡូក្រាម
-គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ចំនួន ៤៤ដុំ ទម្ងន់ប្រមាណ៤៤គីឡូក្រាម
-គ្រឿងញៀនប្រភេទកេតាមីន (ខេ) ចំនួន១០០ដុំ ទម្ងន់ប្រមាណ ១០០គីឡូក្រាម
-អាវុធ អាកា ៤៧ ចំនួន ០២ ដើម បង់ចំនួន០២ គ្រាប់ចំនួន១៣ គ្រាប់
-អាវុធខ្លី កា៥៤ ចំនួន ០១ ដើម ( គ្មានគ្រាប់ )
-រថយន្ត ចំនួន០២គ្រឿង .ម៉ាក TOYOTA HIACE ស៊េរីឆ្នាំ២០១០ ពណ៌ស
-ម៉ាក TOYOTA LANDCRUISER ពណ៌ស និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។
បច្ចុប្បន្ន កម្លាំងជំនាញរបស់កងរាជអាវុធហត្ថខេត្តបាត់ដំបង កំពុងកសាងសំណុំរឿងជនសង្ស័យ រួមជាមួយនឹងវត្ថុតាង បញ្ជូនទៅតុលាការខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕
Post a Comment