ឧបទ្ទវហេតុបាក់ច្រាំងទន្លេសង្កត់ទូក៣គ្រឿង មនុស្សរបួសធ្ងន់ស្រាល២នាក់ និងបាត់ខ្លួនម្នាក់
កណ្តាល ៖ ឧបទ្ទវហេតុបាក់ច្រាំងទន្លេបានសង្កត់លើទូក៣គ្រឿង និងមនុស្ស៤នាក់រងគ្រោះថ្នាក់ ក្នុងនោះ ម្នាក់របួសស្រាល ២នាក់របួសធ្ងន់ និងម្នាក់ទៀតបាត់ខ្លួនរកសពមិនទាន់ឃើញនៅឡើយ ។
ករណីនេះ គេឃើញវត្តមានឯកឧត្តម គួច ចំរើន អភិបាលខេត្ត ទៅពិនិត្យកន្លែងកើតហេតុផ្ទាល់ ជាមួយមន្ត្រីមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ។
ច្រាំងទន្លេមេគង្គដែលបាក់នេះ មានប្រវែងជាង៣០០ម៉ែត្រ ទទឹង៤០ម៉ែត្រ និងជម្រៅ៧ម៉ែត្រ ដោយបាក់ស្រុតមកកៀកនឹងលំនៅឋានរបស់អ្នកភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ។
ការបាក់ច្រាំងខាងលើនេះ គឺជាគ្រោះធម្មជាតិ ដែលបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៤ទៀបភ្លឺថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ។ មកដល់ថ្ងៃ១៣ ខែធ្នូ នៅមិនទាន់ដឹងថា រកឃើញអ្នកបាត់ខ្លួនឬយ៉ាងណានៅឡើយទេ ។
Post a Comment