អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឧបនាយករដ្ឋមន្ដ្រី ស សុខា ជួបសំណេះសំណាលពលរដ្ឋដែលត្រឡប់មកពីថៃ ក្នុងឱកាសចូលឆ្នាំថ្មី នៅច្រកទ្វារព្រំដែនអន្តរជាជាតិដូង និងប៉ោយប៉ែត - Read News TV

ឧបនាយករដ្ឋមន្ដ្រី ស សុខា ជួបសំណេះសំណាលពលរដ្ឋដែលត្រឡប់មកពីថៃ ក្នុងឱកាសចូលឆ្នាំថ្មី នៅច្រកទ្វារព្រំដែនអន្តរជាជាតិដូង និងប៉ោយប៉ែត

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញធ្វើដំណើរ ទៅដល់ច្រកទ្វារអន្តរជាតិដូង ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ប្រទេសថៃ ដើម្បីពិនិត្យការធ្វើដំណើរចេញចូល ជាពិសេសទទួល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពលករដែលធ្វើដំណើរវិលចូលមាតុប្រទេស នាឱកាសត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

បេសកកម្មរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី នាឱកាសនោះ មានការអញ្ជើញចូលរួមពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, អគ្គនាយកអន្តោប្រវេសន៍, ឯកឧត្តមអភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីច្រកទ្វារភាគីថៃ បានឡែម មួយចំនួនទៀតផងដែរ។

ឯកឧត្តមឧត្តមសេនីយ៍ត្រី ផាត់ វីរៈ ប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិដូង បានឲ្យដឹងថា ក្រុមមន្ត្រីបានត្រៀមលក្ខណៈផ្ដល់សេវា ទទួលដំណើរវិលចូលប្រទេសរបស់ពលរដ្ឋខ្មែរ បានយ៉ាងល្អ។ ចំណែកបងប្អូនពលករ ក៏បង្ហាញនូវក្ដីរីករាយចំពោះនីតិវិធី ដ៏លឿនរហ័សដែលមន្ត្រី បានបំពេញជូនពួកគាត់ផងដែរ។

បន្ទាប់ពីបញ្ចប់ការសំណេះសំណាលខ្លី ជាមួយបងប្អូនប្រជាពលករខ្មែរនៅច្រកទ្វារអន្តរជាតិដូង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបន្តដំណើរក្នុងចំងាយផ្លូវជាង១២០គីឡូម៉ែត្រ ឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលនៅទីនោះ ក្រុមមន្ត្រីច្រកទ្វារ ក៏កំពុងមានភាពមមាញឹក ក្នុងការផ្ដល់សេវាជូនពលរដ្ឋ ពិសេសពលរដ្ឋជាពលករផងដែរ។

បងប្អូនពលករខ្មែរ បើទោះជាត្រូវបន្តដំណើរចេញពីក្រុងប៉ោយប៉ែត ឆ្ពោះទៅកាន់ស្រុកកំណើតតាមបណ្ដាខេត្ត រៀងៗខ្លួនក៏ពិតមែន ប៉ុន្តែពួកគាត់បានបង្ហាញអារម្មណ៍ រំភើបរីករាយប្រកបដោយភាពកក់ក្ដៅ រង់ចាំទទួលការសំណេះសំណាលខ្លី ជាមួយលោកអភិសន្តិបណ្ឌិត។

ឯកឧត្តមអភិសន្តិបណិត ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ផ្នែកដែលប្រចាំការ នៅតាមបណ្ដាច្រកទ្វារព្រំដែន ចំពោះការខិតខំបំពេញតួនាទី និងភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរ វិលត្រឡប់ចូលប្រទេស ដើម្បីអបអរសាទរឆ្នាំថ្មី ជាមួយក្រុមគ្រួសារ។

ឯកឧត្តមក៏បានស្នើសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ប្រសិនបើត្រូវចំណាយពេលរង់ចាំទទួលសេវាក្នុងគ្រា ដែលមានអ្នកដំណើរចេញចូលច្រើននេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជំរុញដល់មន្ដ្រីពាក់ព័ន្ធទាំងអស់ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបន្ដសហការភាគីថៃ ក្នុងការសម្របសម្រួលជូនពលករកម្ពុជាដែលចេញ និងចូលមកកម្ពុជាវិញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសចុះពិនិត្យស្ថានភាព និងជួបសំណេះសំណាលជាមួយពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ថា មន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវបន្តការសម្របសម្រួល និងសហការជាមួយប្រទេសជិតខាងឲ្យពលករដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញដោយរលូន។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា, ជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសុំឲ្យភាគីថៃជួយសម្របសម្រួល ដល់ការវិលត្រឡប់របស់ពលករកម្ពុជាមកស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ដោយអនុញ្ញាតិលើកលែងតម្លៃសេវាចេញ-ចូលសម្រាប់ពលករកម្ពុជាដែលធ្វើដំណើរ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្តាំផ្ញើដល់ពលករកម្ពុជានៅពេលត្រឡប់ទៅស្រុកកំណើតវិញ ត្រូវធ្វើដំណើរដោយសុវត្ថិភាពហើយពេលជួបជុំក្រុមគ្រួសារធ្វើដំណើរកម្សាន្ដត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងពេលចាក់ចេញពីផ្ទះត្រូវពន្លត់ភ្លើងធូបទានឲ្យអស់ និងបិតគុបភ្លើង ទើបអាចចាកចេញពីផ្ទះដើម្បីចូលរួមការពារ និងប្រុងប្រយ័ត្នទាំងអស់គ្នា។

ក្នុងឱកាស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជូនពលករកម្ពុជាត្រឡប់ពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រមាណជិត២០០នាក់ បានទទួលអំណោយមាន ក្រម៉ា១ នំប៉័ង១ និងទឹកបរិសុទ្ធជាអាហារសម្រន់ពេលធ្វើដំណើរទៅស្រុកកំណើត៕

កម្រងរូបភាពនៅច្រកទ្វារព្រំដែនអន្តរជាជាតិដូង







កម្រងរូបភាពនៅច្រកទ្វារព្រំដែនអន្តរជាជាតិប៉ោយប៉ែត









Theme images by Radius Images. Powered by Blogger.